
Generals
04 វិច្ឆិកា 2026
នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីឆ្លងព្រះភូមិនៅទីធ្លាអគារអ្នកដំណើរពិសេស (VVIP) នៃអាកាសយានដ្ឋាន។ ពិធីនេះធ្វើឡើងតាមប្រពៃណីសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ និងជោគជ័យក្នុងការគ្រប់គ្រង និងប្រតិបត្តិការការងារផ្សេងៗ នៅអគារ VVIP នៃអាកាសយានដ្ឋាន។

បន្ទាប់ពីកម្មវិធីថ្ងៃនេះ អគារ VVIP នៃអាកាសយានដ្ឋានត្រៀមទទួលស្វាគមន៍ថ្នាក់ដឹកនាំពិភពលោកមកពីជិត ៩០ប្រទេស ព្រមទាំងឯកឧត្តមប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

អគារអ្នកដំណើរពិសេស VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានសាងសង់ឡើងក្នុងគោលបំណងផ្តល់បរិយាកាសកក់ក្តៅ និងស័ក្តិសមបំផុតសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយធានាបាននូវកម្រិតសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាពប្រតិបត្តិការ និងភាពងាយស្រួល។

ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធអគារ VVIP របស់អាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញពីភាពលេចធ្លោនៃស្ថាបត្យកម្ម និងសិល្បៈខ្មែរ ដោយរួមបញ្ចូលបច្ចេកវិទ្យាមានមុខងារស្របតាមស្តង់ដារនៃអាកាសចរណ៍ស៊ីវិល។ អគារទំនើបនេះហ៊ុំព័ទ្ធដោយទេសភាព និងបរិស្ថានធម្មជាតិនៅជុំវិញ។ ចំណែកលំហខាងក្នុងបានតុបតែង និងតាំងលម្អដោយចម្លាក់ផ្សេងៗជាស្នាដៃសិល្បៈប្រវត្តិសាស្ត្រខ្មែរ ដែលនឹងផ្ដល់បទពិសោធបដិសណ្ឋារកិច្ចប្រកបដោយច្នៃប្រឌិត និងភាពថ្លៃថ្នូរ។
