
Generals
21 វិច្ឆិកា 2026

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤កើត ដល់ថ្ងៃ ១រោច ខែកត្តិក។ ព្រះរាជពិធីបុណ្យអុំទូក កើតមានតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំឭកដល់វីរភាពកងទ័ពជើងទឹករបស់ខ្មែរ ដែលបានវាយឈ្នះ និងរំដោះទឹកដីពីនគរចម្ប៉ា (រវាងឆ្នាំ១១៧៧–១១៨១)។ ភស្តុតាងនេះ បានបង្ហាញតាមរយៈចម្លាក់អំពីប្រវត្តិចម្បាំងរបស់កងទ័ពខ្មែរនៅតាមជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ចម្លាក់នៅជញ្ជាំងប្រាសាទ បង្ហាញរូបភាពកងទ័ពជើងទឹកប្រើទូកចម្បាំង ដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់លើព្រះទីនាំងចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទាំងឡាយ។

ទន្ទឹមគ្នានេះ ព្រះរាជពិធីបុណ្យអុំទូក ក៏បានបង្ហាញពីការដណ្ដើមជ័យជម្នះតាមរយៈការប្រណាំងទូកអុំ និងទូកចែវបុរស-នារី នៅទន្លេចតុម្មុខ ខាងមុខព្រះបរមរាជវាំង។ ក្រៅពីសកម្មភាពប្រណាំងទូកពេលថ្ងៃ នាពេលរាត្រីពិធីនេះ មានទិដ្ឋភាពបណ្ដែតប្រទីប និងបាញ់កាំជ្រួច ដើម្បីបង្ហាញពីនិមិត្តរូបគោរព និងរំលឹកដល់ព្រះពុទ្ធសាសនា។ ពិធីនេះ ក៏បង្ហាញពីការដឹងគុណចំពោះព្រះគង្គា និងព្រះធរណី ដែលផ្ដល់ទឹក និងដីល្បាប់មានជីជាតិសម្រាប់កសិកម្ម ចូលរួមចំណែកលើកជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ប្រទីបដែលបណ្ដែតបន្តបន្ទាប់ដង្ហែគ្នាក្នុងពេលរាត្រី ក៏បង្ហាញពីការរីកចម្រើនសង្គម តាមរយៈការរួមពីគ្រប់វិស័យផងដែរ។

ចំណែកពិធីអកអំបុក និងសំពះព្រះខែ តែងប្រារព្ធនៅពាក់កណ្ដាលរាត្រី ឈានចូលដល់ថ្ងៃទី២ ត្រូវនឹងថ្ងៃ១៥កើត ខែកត្តិក។ ព្រះបរមរាជវាំង តាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា មានតុបតែង និងរៀបចំគ្រឿងសក្ការៈបូជា ចេក អំបុក ទឹកដូង អំពៅ និងផ្លែឈើផ្សេងៗចម្រុះ។ ពិធីនេះធ្វើឡើងតាមជំនឿដូនតា រំឭកដល់គុណសត្វទន្សាយពោធិសត្វ ដែលលះបង់ជីវិត ដើម្បីបំពេញទានបារមី ព្រមទាំងអបអរសាទរចំពោះទិន្នផលស្រូវថ្មី និងភោគផលផ្សេងៗរបស់ប្រជាជនកម្ពុជា។

ជារួមមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គឺជាព្រះរាជពិធីបុណ្យដ៏សំខាន់មួយនៅក្នុងសង្គមកម្ពុជា ។ ព្រះរាជពិធីបុណ្យអុំទូកមានអត្ថន័យបង្ហាញពីទឹកចិត្តស្រឡាញ់ ភាពសប្បាយរីករាយ សេចក្តីសុខក្សេមក្សាន្ត សាមគ្គីភាព សេចក្ដីព្យាយាម និងការរីកចម្រើនក្នុងសង្គម តាមរយៈភាពឧស្សាហ៍ព្យាយាម គំនិតច្នៃប្រឌិត និងគុណតម្លៃនៃពលកម្មរបស់ប្រជាជនខ្មែរ។