
Construction
12 Mar 2024
នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចុះត្រួតពិនិត្យ វឌ្ឍនភាព នៃគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ។



ជាវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១៥០០ លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ គ្រោងនឹងបើកដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រីករាយ និង រំភើបរហូតដល់ព្រឺរោម ពេលបានមកឃើញផ្ទាល់នូវព្រលានយន្តហោះអន្តរជាតិតេជោ។ សម្តេចបានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់នោះឡើយ។



សម្តេចធិបតី បានថ្លែងវាយតម្លៃខ្ពស់ចំពោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលខេត្តតាកែវ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលឱ្យគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ ដំណើរការទៅតាមផែនការគ្រោងទុក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅការដ្ឋានសាងសង់នេះ ប្រើកម្លាំងពលកម្មប្រមាណ ៨ពាន់នាក់ និងចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប បង្កើនការងារជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលភាពរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺបានមកពីផលលាភនៃសន្តិភាព ហើយយើងត្រូវរួមគ្នាថែរក្សា ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសទៅមុខទៀត៕

