សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកសម្ពោធ អាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញសម័យថ្មីនៃការរីកចម្រើន

Generals

20 Oct 2025

កណ្តាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) ដែលមានលំដាប់ថ្នាក់ 4F និងចំណាយថវិកាសាងសង់សរុបប្រមាណ ២,៣០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជាលទ្ធផលនៃគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាព។ ​

preview-image
preview-image

អាកាសយានដ្ឋានអន្តរជាតិថ្នាក់ 4F ត្រូវបានបើកសម្ពោធយ៉ាងអធិកអធម ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីជំរុញការអភិវឌ្ឍជាតិ និងលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មសំខាន់មួយនៅអាស៊ីអាគ្នេយ៍។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលមានតម្លៃវិនិយោគសរុប ២,៣ ពាន់លានដុល្លារអាមេរិក កាលពីម្សិលមិញ ដោយប្រកាសថា វានឹងក្លាយជាម៉ាស៊ីនជំរុញដ៏មានអានុភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជា។

ពិធីសម្ពោធដ៏អធិកអធមដែលមានថ្នាក់ដឹកនាំ និងភ្ញៀវជាន់ខ្ពស់ជាច្រើនចូលរួម បានបង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះ ដែលបានដំណើរការជាផ្លូវការជាងមួយខែរួចមកហើយ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PPIA) ជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។

 

ក្នុងសុន្ទរកថាបើកសម្ពោធ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់ផ្នែកយុទ្ធសាស្ត្ររបស់អាកាសយានដ្ឋាននេះ និងតួនាទីរបស់វា ក្នុងការពង្រីកទំនាក់ទំនងអាកាសចរណ៍របស់កម្ពុជា ជាមួយពិភពលោក។

“អាកាសយានដ្ឋាននេះ ជាសមិទ្ធផលដ៏អស្ចារ្យ និងជាចំណុចសម្គាល់ដ៏សំខាន់មួយនៃការអភិវឌ្ឍប្រទេស ដែលនឹងជួយពង្រីកបណ្តាញអាកាសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងគោលដៅទេសចរណ៍នៅទូទាំងពិភពលោក។”

សម្តេចបានលើកឡើងពីអាកាសយានដ្ឋាន KTI ដោយផ្តល់អនុសាសន៍សំខាន់ ៥ ចំណុច រួមមាន៖

·        អោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីស្ដារជើងហោះហើរដែលបានផ្អាកក្នុងអំឡុងកូវីដ និងបង្កើតផ្លូវហោះថ្មីៗ ជាពិសេសជើងហោះត្រង់ពីទីក្រុងទេសចរណ៍ធំៗ។

·        អោយក្រសួងទេសចរណ៍ ប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដោយពង្រីកជើងហោះផ្ទាល់ និងជើងហោះរួមជាច្រើន។

·        អោយក្រសួងមហាផ្ទៃ បន្តតាមដានការគំរាមកំហែងអន្តរជាតិ ដូចជាឆ្កាងភេរវកម្ម ការជួញដូរមនុស្ស និងបទល្មើសឆ្លងប្រទេស ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។

·        អោយ SSCA និង OCIC ធានាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ និងសេវាកម្មមានអត្តសញ្ញាណខ្មែរ

·        អោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមការងារវិនិយោគ ត្រូវជំរុញបរិយាកាសវិនិយោគជាតិ ដោយលើកទាំង KTI និងអាកាសយានដ្ឋានអន្តរជាតិអង្គរវត្ត (SAI) ជានិមិត្តសញ្ញានៃការរីកចម្រើនកម្ពុជា។

preview-image
preview-image

លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា ការវិនិយោគសាងសង់ដំណាក់កាលទី១ មានតម្លៃប្រមាណ ២,៣០០លានដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចត អគារ ប្រព័ន្ធផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ និងការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

ទុនវិនិយោគនេះប្រើដើមទុនផ្ទាល់ពីក្រុមហ៊ុន OCIC និងទុនរួមតាមរយៈមូលបត្របំណុលពីធនាគារនិងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ គម្រោងអាកាសយានដ្ឋានត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូលដោយក្រុមហ៊ុន OCIC។

អាកាសយានដ្ឋាននេះស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ២,៦០០ហិកតា នៅតំបន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ការសាងសង់ចាប់ផ្ដើមថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

គម្រោងសាងសង់ត្រូវបានចែកជា ៣ដំណាក់កាល

  • ដំណាក់កាលទី១ (២០២០–២០៣០): សមត្ថភាពទទួលអ្នកដំណើរ១៥លាននាក់/ឆ្នាំ មានផ្លូវរត់ទី១ ប្រវែង៤,០០០ម៉ែត្រ ទទឹង៦០ម៉ែត្រ ចំណតយន្តហោះ៧៥ និងអគារស្ថានីយ៍អ្នកដំណើរធំទូលាយ។
  • ដំណាក់កាលទី២ (២០៣០–២០៥០): បន្ថែមផ្លូវរត់ទី២ និងអគារស្ថានីយ៍ថ្មី អាចទទួល៣០លាននាក់/ឆ្នាំ។
  • ដំណាក់កាលទី៣ (ក្រោយ២០៥០): អាចទទួលអ្នកដំណើរបាន៥០លាននាក់/ឆ្នាំ។

គម្រោងនេះមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើន រួមមាន៖

  • Foster & Partners (អង់គ្លេស): ស្ថាបត្យកររចនាស្ថានីយ៍អ្នកដំណើរ
  • NACO (ហូឡង់): អ្នករៀបចំផែនការមេ (Master Planner)
  • ATKINS (កាណាដា): ទីប្រឹក្សាបច្ចេកទេសផែនការដើម
  • Heerim Architects & Planners (កូរ៉េខាងត្បូង): ទីប្រឹក្សាគ្រប់គ្រងគម្រោង
  • Changi Airport Group (សិង្ហបុរី): ទីប្រឹក្សាផែនការអាជីវកម្ម និង ORAT
  • RLB (អង់គ្លេស): Quantity Surveyor
  • China State Construction Third Engineering Bureau Co., Ltd. (ចិន): ម៉ៅការសាងសង់ស្ថានីយ៍អ្នកដំណើរ។
preview-image
preview-image

គោលដៅរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករ Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺបង្កើនចំនួនអ្នកដំណើរនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ពី ៥.៣លាននាក់ក្នុងឆ្នាំ២០២៥ ទៅ១០លាននាក់ក្នុងឆ្នាំ២០៣០ ដោយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងបង្កើនសមត្ថភាពប្រតិបត្តិការ។

សូមរំលឹកកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការផ្លូវការ ដោយទទួលជើងហោះហើរជាមធ្យម១៣០ជើង/ថ្ងៃ អ្នកដំណើរជាមធ្យម១៥០,០០០នាក់/ថ្ងៃ និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៩ (អន្តរជាតិ២៥ និងក្នុងស្រុក៤)។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសមិទ្ធផលដ៏ធំមួយទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងជាសញ្ញានៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព បង្ហាញពីសមត្ថភាព ការរួមចំណែក និងទស្សនវិស័យឆ្ពោះទៅអនាគតរបស់ប្រទេសកម្ពុជា។

preview-image
preview-image
preview-image
preview-image
SHARE TO:

អានដោយអ្នកដទៃ

Mock devices

Your Gateway to the world

Download app now, just a few clicks!

Or scan the QR code to download

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 Techo International Airport. All rights reserved.
Find us on:
Categories IconCategories IconCategories IconCategories Icon

Powered by

Canadia Technology Group